ដំណើរអំពីបុរីរម្យ ខុសក្រៅក្រិត្យក្រមក្បួននិយាយរលៀងឃ្លៀតពីពុធទំនាយ ព្រះឥន្រ្ទលោកទាយក៏មិនត្រូវ។

ដំណើរអំពីបុរីរម្យ ខុសក្រៅក្រិត្យក្រមក្បួននិយាយរលៀងឃ្លៀតពីពុធទំនាយ ព្រះឥន្រ្ទលោកទាយក៏មិនត្រូវ។

ព្រោះដោយនគរកើតមានកម្ម ពីនាយមកនាំដូច្នេះកូវ មកកើតវិវាទគ្រាឥឡូវ កម្មរត់ឲ្យត្រូវដូច្នេះឯង។

ពោធិព្រឹក្សកំពុងតែចាក់ឫស ពស់វែកមានពិសដំកន្លែងក្របីលាក់ខ្លួនសម្រួចស្នែង លុះទឹកលិចត្រែងទើបចេញវាល។ 

កង្កែបអាចម៌គោលាលោតទំ លើកំពូលភ្នំធំត្រកាល ថ្កើងកេរ្តិ៍ថ្កើងយសសែនត្រសាល ចំអើតមើលវាលលេងកម្សាន្ន។

ម្លោះហើយសមនឹងអាសូរសូន្យ អន្តរាយខូចខ្លួនវិនាសបង់ ព្រោះដោយគំនិតគិតចើកចង់ ឲ្យបានថ្កើងអង្គក្នុងលោកិយ។

មុខគួរស្រណោះតែគោធ្លក ពីដើមរៀងមកគ្មានព្រួយអ្វី ឥឡូវស្មាពីរលីឃ្នាងបី អ្នកស្រុកប្រុសស្រីស្តីដើមឯង។

វិស័យស្រមោលមិនចោលប្រាណ ស្រឹង្គារក្នុងឋានមិនបងខ្លួន រីឯដង្ខៅមិនចោលក្បួន មាតានឹងកូនមិនដែលបង។

ដ្បិតរាជឥឡូវខុសសណ្តាប់ ក្រពើលង់ស្លាប់ក្នុងទន្លេ មច្ឆាខ្លាចបឹងអ្នកដឹងទេ កូនខ្លាខ្លាចមេ ភេខ្លាចត្រី។

អន្ទង់ខ្លាចភក់កុកព្រឺបឹង ស្វាក្រេះក្រញឹងចេះស្រដី ឈើធំមួយដើមបង្គោលបី ទិវាប្រុសស្រីស្រឡាញប្រែត។

ភ្លើងភ្លឺបំផ្លុងកណ្តាលព្រៃ រោលរាលដល់ន័យស្រីមានរាង សំពត់ពេញដីស្រីមិនលាង ព្រោះឃើញទឹកភ្លៀងពីលើភ្នំ។ 

រីខ្ញុំនិទានតែងសេចក្តី ពុំសូវគប្បីដោយវោហារ ពីព្រោះគ្រាន់មើលល្បងប្រាជ្ញា ប្រាថ្នាសង្ខេបប៉ុណ្ណោះហោង។

Post a Comment

Previous Post Next Post