គិតហើយមិនធ្វើ ធ្វើហើយ​មិនដែលគិត និង គិតផងធ្វើផង រៀនសូត្រ​ពីវាបណ្តើរៗផង

 

នៅលើលោកនេះ  មានមនុស្សគិត មិនដែលធ្វើ មានមនុស្សធ្វើ មិនដែលគិត និងមានមនុស្សគិតបណ្តើរ ធ្វើបណ្ដើរ។

មនុស្សគិតមិនដែលធ្វើ ភាគច្រើនគឺជាមនុស្សដែលចូលចិត្តគិតអីមានលក្ខណៈស្មុគស្មាញ សាំញ៉ាំ ទោះបីជារឿងខ្លះធម្មតាៗក៏ដោយ។ ពួកគេតែងមានអារម្មណ៍ថា ពួកគេមិនទាន់រួចរាល់ ឬមិនទាន់គ្រប់លក្ខណៈ។

ពួកគេចូលចិត្តរង់ចាំរង់ចាំឲ្យអ្វីៗល្អឥតខ្ចោះជាមុនសិន ទើបចាប់ផ្ដើម។

បើពួកគេចង់រកស៊ី  ពួកគេរង់ចាំទាល់តែពួកគេមានដើមទុនរាប់ម៉ឺនដុល្លាសិន។

ពួកគេរង់ចាំទាល់តែរៀនចប់អនុបណ្ឌិត ឬបណ្ឌិតផ្នែកធុរកិច្ចសិន។ ពួកគេរង់ចាំឲ្យប្រាកដចិត្ត ១០០% សិន។

ហើយជាលទ្ធផល ជីវិតរបស់ពួកគេគឺជាការរង់ចាំ

ការរង់ចាំ គឺជាជីវិតរបស់ពួកគេ។

ពួកគេនឹងរង់ចាំរហូតដល់ថ្ងៃស្លាប់។

មនុស្សធ្វើ មិនដែលគិត ផ្ទុយពីនេះ  ពួកគេត្រូវធ្វើអីគឺធ្វើហ្នឹងហើយ គិតងាយធ្វើងាយ មានបញ្ហាចាំដោះស្រាយតាមក្រោយ។

បើពួកគេចង់រកស៊ី គឺរកស៊ីហើយ 

ពួកគេនឹងចាប់ផ្ដើមទៅទិញឥវាន់យកមកលក់ភ្លាមៗ 

រឿងធ្វើម៉េចលក់បានមិនបាន ចាំគិតពេលក្រោយទៀត។

បើពួកគេចង់ចេះហែលទឹក គឺពួកគេដើរទៅមាត់ទឹក ហើយលោតចូលទឹកតែម្ដង រឿងស្លាប់រស់មិចម៉ា ចាំគិតក្រោយទៀត។

ជាលទ្ធផល ជីវិតរបស់មនុស្សប្រភេទនេះ គឺជាជីវិតដែលពោលពេញដោយបញ្ហា ដោះស្រាយមិនចេះចប់មិនចេះហើយ ដោយសារតែទង្វើខ្វះការពិចារណារបស់ពួកគេ។

មនុស្សគិតបណ្ដើរធ្វើបណ្តើរ គឺជាមនុស្សគិតមុនគូរ។ 

មានគំនិត ស្របនឹងសកម្មភាព។

បើពួកគេចង់រកស៊ី ពួកគេនឹងរៀនឲ្យយល់ពីការរកស៊ី ឲ្យយល់ពីការលក់ នឹងចាប់ផ្ដើមការរកស៊ីពីតូចទៅ។ ពួកគេចាប់ផ្ដើមដោយចំណាយដើមទុនតិចបំផុតតាមតែអាចធ្វើទៅបាន រកស៊ីបណ្ដើររៀនសូត្រពីវាបណ្ដើរ។ 

ពួកគេដឹងថា ពួកគេមិនអាចចេះហែលទឹកដោយគ្រាន់តែអានសៀវភៅពីរបៀបហែលទឹក ហើយពួកគេក៏មិនអាចលោតចូលទឹកដោយមិនបានយល់ពីអ្វីសោះនោះដែរ។ ជម្រើសល្អបំផុត គឺរៀនហែលក្នុងទឹករាក់ជាមុនសិន។ 

ជាលទ្ធផល ពួកគេតែងទទួលបានជោគជ័យលើគ្រប់កិច្ចការភាគច្រើនបំផុតដែលពួកគេធ្វើ។

ដូចនេះ សូមធ្វើជាមនុស្សគិតបណ្តើរធ្វើបណ្ដើរ រៀនសូត្រពីវាបណ្ដើរ។

កុំគិតយូរពេក ហើយក៏កុំធ្វើដោយមិនបានគិត៕

ពីខ្ញុំ សេរីរិទ្ធ


Post a Comment

Previous Post Next Post