នៅលើលោកនេះ មានមនុស្សគិត មិនដែលធ្វើ មានមនុស្សធ្វើ មិនដែលគិត និងមានមនុស្សគិតបណ្តើរ ធ្វើបណ្ដើរ។
- មនុស្សគិតមិនដែលធ្វើ
ភាគច្រើនគឺជាមនុស្សដែលចូលចិត្តគិតអីមានលក្ខណៈស្មុគស្មាញ សាំញ៉ាំ ទោះបីជារឿងខ្លះធម្មតាៗក៏ដោយ។ ពួកគេតែងមានអារម្មណ៍ថា ពួកគេមិនទាន់រួចរាល់ ឬមិនទាន់គ្រប់លក្ខណៈ។
ពួកគេចូលចិត្តរង់ចាំ រង់ចាំឲ្យអ្វីៗល្អឥតខ្ចោះជាមុនសិន ទើបចាប់ផ្ដើម។ បើពួកគេចង់រកស៊ី ពួកគេរង់ចាំទាល់តែពួកគេមានដើមទុនរាប់ម៉ឺនដុល្លាសិន។ ពួកគេរង់ចាំទាល់តែរៀនចប់អនុបណ្ឌិត ឬបណ្ឌិតផ្នែកធុរកិច្ចសិន។
ពួកគេរង់ចាំឲ្យប្រាកដចិត្ត ១០០% សិន។ ហើយជាលទ្ធផល ជីវិតរបស់ពួកគេគឺជាការរង់ចាំ ការរង់ចាំ គឺជាជីវិតរបស់ពួកគេ។ ពួកគេនឹងរង់ចាំរហូតដល់ថ្ងៃស្លាប់។
- មនុស្សធ្វើ មិនដែលគិត
ផ្ទុយពីនេះ ពួកគេត្រូវធ្វើអីគឺធ្វើហ្នឹងហើយ គិតងាយធ្វើងាយ មានបញ្ហាចាំដោះស្រាយតាមក្រោយ។ បើពួកគេចង់រកស៊ី គឺរកស៊ីហើយ ពួកគេនឹងចាប់ផ្ដើមទៅទិញឥវាន់យកមកលក់ភ្លាមៗ
រឿងធ្វើម៉េចលក់បានមិនបាន ចាំគិតពេលក្រោយទៀត។
បើពួកគេចង់ចេះហែលទឹក គឺពួកគេដើរទៅមាត់ទឹក ហើយលោតចូលទឹកតែម្ដង រឿងស្លាប់រស់មិចម៉ា ចាំគិតក្រោយទៀត។
ជាលទ្ធផល ជីវិតរបស់មនុស្សប្រភេទនេះ គឺជាជីវិតដែលពោលពេញដោយបញ្ហា ដោះស្រាយមិនចេះចប់មិនចេះហើយ ដោយសារតែទង្វើខ្វះការពិចារណារបស់ពួកគេ។
- មនុស្សគិតបណ្ដើរធ្វើបណ្តើរ គឺជាមនុស្សគិតមុនគូរ។ មានគំនិត ស្របនឹងសកម្មភាព។
បើពួកគេចង់រកស៊ី ពួកគេនឹងរៀនឲ្យយល់ពីការរកស៊ី ឲ្យយល់ពីការលក់ នឹងចាប់ផ្ដើមការរកស៊ីពីតូចទៅ។ ពួកគេចាប់ផ្ដើមដោយចំណាយដើមទុនតិចបំផុតតាមតែអាចធ្វើទៅបាន រកស៊ីបណ្ដើររៀនសូត្រពីវាបណ្ដើរ។
ពួកគេដឹងថា ពួកគេមិនអាចចេះហែលទឹកដោយគ្រាន់តែអានសៀវភៅពីរបៀបហែលទឹក ហើយពួកគេក៏មិនអាចលោតចូលទឹកដោយមិនបានយល់ពីអ្វីសោះនោះដែរ។ ជម្រើសល្អបំផុត គឺរៀនហែលក្នុងទឹករាក់ជាមុនសិន។
ជាលទ្ធផល ពួកគេតែងទទួលបានជោគជ័យលើគ្រប់កិច្ចការភាគច្រើនបំផុតដែលពួកគេធ្វើ។
ដូចនេះ សូមធ្វើជាមនុស្សគិតបណ្តើរធ្វើបណ្ដើរ រៀនសូត្រពីវាបណ្ដើរ។
កុំគិតយូរពេក ហើយក៏កុំធ្វើដោយមិនបានគិត៕
ពីខ្ញុំ សេរីរិទ្ធ
