🎯 ការហ៊ាន ៦យ៉ាង ធ្វើឱ្យជីវិតយើងរីកទៅមុខ ✅
ការហ៊ាន និងប្រមាថ ទាំងពីរនេះមិនដូចគ្នាទេ។ ហ៊ានដែលយើងនិយាយនៅទីនេះ គឺសេចក្តីក្លាហាន មោះមុត និងប្តេជ្ញាលះបង់ដើម្បីឈោងចាប់កិច្ចការធំ។ សុភាសិតបរទេសមួយគេនិយាយថា High Risk High Return ឬមានន័យថា ហ៊ានប្រថុយ ទើបមានលទ្ធផលធំ។ មានរឿងខ្លះ យើងគួរប្រថុយ តែក៏មានរឿងខ្លះយើងដាច់ខាតកុំប្រថុយឱ្យសោះ។ ការហ៊ានផ្តេសផ្តាស ឬការប្រថុយដោយគ្មានមូលដ្ឋានត្រឹមត្រូវ យើងពិតជាមិនអាចជោគជ័យរីកចម្រើនបានទេ។ តើការហ៊ានបែបណាខ្លះដែលអាចនាំឱ្យជីវិតយើងរីកចម្រើន? ចង់ដង់ច្បាស់ សូមប្រិយតាមដានជាបន្ត។
១. ហ៊ានគិត
ចំណុចសំខាន់បំផុតនៃការរីកចម្រើន គឺការហ៊ានគិត។ គំនិតគឺជាអគ្គមេបញ្ជានៃរាល់សកម្មភាព។ ប្រសិនបើយើងធ្វើអ្វីដោយមិនបានគិត នោះសកម្មភាពរបស់យើងនឹងគ្មានលទ្ធភាពល្អទេ។ រឿងដំបូងបំផុតដែលយើងត្រូវចាប់អារម្មណ៍នោះ គឺយើងត្រូវសួរខ្លួនឯងជាមុនសិន តើយើងជាមនុស្សដែលមានសេរីភាពក្នុងការគិតយើង ឬនៅ។ ប្រសិនបើគ្មានសេរីភាពក្នុងការគិតទេ បុគ្គលនោះ ក្រុមហ៊ុននោះ ឬសង្គមនោះច្បាស់ជាមិនរីកចម្រើនឡើយ។ ម្យ៉ាងវិញទៀតដើម្បីឱ្យការគិតរបស់យើងមានភាពត្រឹមត្រូវ យើងចាំបាច់ត្រូវមានចំណេះដឹង បទពិសោធ និងចេះរបៀបនៃការគិត។ ការហ៊ានគិត ហ៊ានស្រមៃ និងហ៊ានមានមហិច្ឆតា គឺជាការចាប់ផ្តើមនៃការអភិវឌ្ឍខ្លួនរបស់មនុស្សម្នាក់ៗ។
២. ហ៊ាននិយាយ
បន្ទាប់ពីយើងហ៊ានគិតហើយ យើងក៏ត្រូវមានភាពក្លាហាននិយាយចេញមកនូវអ្វីដែលយើងមានគិតផងដែរ។ ប៉ុន្តែ យើងត្រូវមានការប្រុងប្រយ័ត្នចំពោះសម្តី។ យើងត្រូវគិតគ្រប់ពាក្យគ្រប់ម៉ាត់នៃសម្តីរបស់យើង មុននឹងបោះសម្តីនោះចេញមក។ គិតមួយរយ តែនិយាយតែបួនដប់ម៉ាត់ក៏បានដែរ ឱ្យតែសម្តីនោះចេញពីគំនិតខ្លឹម គំនិតដែលយកទៅអនុវត្តបាន ឬគំនិតដែលមានប្រយោជន៍។ មានមនុស្សច្រើនណាស់ដែលពួកគេហ៊ានត្រឹមតែគិត ប៉ុន្តែមិនហ៊ាននិយាយចេញមក។ វាអាចមកពីពួកគេភ័យខ្លាចចំពោះការគម្រាមកំហែងណាមួយ។ ប្រសិនបើយើងមិននិយាយចេញមកទេ តើធ្វើម៉េចអ្នកដទៃអាចដឹង និងអាចយល់ពីគំនិតរបស់យើង? បើយើងនិយាយចេញមក យ៉ាងហោចណាស់ក៏មានមនុស្សមួយចំនួនយកសម្តីនោះទៅគិតបន្ត ឬធ្វើសកម្មភាពឱ្យចេញជាលទ្ធផលជាដើម។ ដូច្នេះ ការហ៊ាននិយាយក៏ជារឿងសំខាន់ណាស់ដែរ។
៣. ហ៊ានសម្រេចចិត្ត
ការហ៊ានសម្រេចចិត្តគឺជាគុណសម្បត្តិដ៏សំខាន់មួយរបស់មេដឹកនាំ។ ក្រោយគិតឃើញរឿងអ្វី ឬដំណោះស្រាយអ្វីមួយហើយ យើងត្រូវតែក្លាហានធ្វើការសម្រេចផាំងៗ មិនត្រូវរារែក ទីមទើមៗ ទៅមុខមិនរួចថយក្រោយក៏មិនកើត។ មនុស្សដែលអន់ក្នុងសម្រេចចិត្ត មិនអាចធ្វើជាមេគេបានទេ។ មែនហើយ មិនមែនគ្រប់ការសម្រេចចិត្តសុទ្ធតែត្រឹមទេ ប៉ុន្តែការសម្រេចចិត្តគឺជារឿងសំខាន់តែយើងត្រូវតែធ្វើ។ ការបាញ់ព្រួញវាមែងមានត្រូវមានខុស តែបើយើងមិនបាញ់ទេ សួរថាតើយើងមានឱកាសបានសត្វបរិភោគទេ? ការសម្រេចមិនលះៗរបស់មេដឹកនាំអាចនាំមនុស្សមួយក្រុមទៅស្លាប់ទាំងអស់។ ដូច្នេះ យើងត្រូវហ្វឹកហាត់ធ្វើការសម្រេចចិត្តឱ្យក្លាយជាជំនាញមួយ នោះជីវិតយើងច្បាស់ជាល្អប្រសើរគ្រប់កាលៈទេសៈ។
៤. ហ៊ានធ្វើ
ធ្វើដោយមិនបានគិត គឺជារឿងគ្រោះថ្នាក់ តែបើគិតហើយមិនបានធ្វើ គឺជារឿងគួរឱ្យស្តាយ។ តែនេះគឺសំដៅទៅលើការគិតត្រឹមត្រូវហើយ តែមិនធ្វើ, មិនមែនសំដៅលើការគិតអាក្រក់ហើយតែមិនធ្វើនោះទេ។ ចំពោះរឿងមួយ មនុស្សហ៊ានគិតអាចមានដល់រាប់ពាន់នាក់ ប៉ុន្តែមនុស្សតែគិតហើយធ្វើមានមិនដល់ដប់នាក់ផង។ មនុស្សដែលមានការរីកចម្រើន ជាមនុស្សដែលគិតហើយធ្វើៗ ធ្វើខុស ឬត្រូវ គេនឹងសម្រួលកែប្រែឱ្យប្រសើរ។ បើយើងគ្រាន់តែគិតចោលៗ តើធ្វើម៉េចយើងអាចដឹងថាគំនិតយើងជាគំនិតត្រូវ ឬគំនិតខុស។ មានគំនិតខ្លះស្តាប់ទៅដូចជាត្រូវ ដូចជាល្អណាស់ ប៉ុន្តែដល់ពេលយកទៅធ្វើជាក់ស្តែងបែរជាខុស មុនកើតការទៅវិញក៏មានដែរ។
៥. ហ៊ានប្រឈមមុខ
មិនថាយើងធ្វើអ្វីនោះទេ យើងរមែងចៀសមិនផុតពីជួបបញ្ហា ឬឧបសគ្គផ្សេងៗ។ ឱ្យតែចេញសកម្មភាព កម្លាំងប្រឆាំងជំទាស់ច្បាស់ជាមាន នេះគឺជាច្បាប់ធម្មជាតិ។ កម្លាំងបញ្ចេញកាន់តែខ្លាំង កម្លាំងច្រាស់ត្រលប់មកវិញក៏ខ្លាំងដូចគ្នា។ ម៉្លោះហើយ យើងកុំរំពឹងធ្វើកិច្ចការស្រួល តែចង់សម្រេចលទ្ធផលធំ។ កិច្ចការរឹតតែធំ យើងត្រូវជួបឧសគ្គកាន់តែធំដែរ។ ប៉ុន្តែ បើយើងតស៊ូពុះពារធ្វើវាឱ្យដល់ទីបំផុត នោះយើងនឹងទទួលផល ទទួលរង្វាន់ជាដុំកំភួនដូចគ្នា។ ដូច្នេះ នៅពេលដែលយើងសម្រេចចិត្តធ្វើអ្វីមួយហើយ ចូរក្លាហានក្នុងការប្រឈមមុខជាមួយបញ្ហា ហើយយកបញ្ហាជាគ្រឿងពិសោធសមត្ថភាពរបស់យើង។
៦. ហ៊ានទទួលខុសត្រូវ
ការហ៊ានទទួលខុសត្រូវលើគ្រប់ទង្វើរបស់យើង គឺជាគុណសម្បត្តិធំបំផុត ជាពិសេសក្នុងនាមជាមេដឹកនាំរបស់គេ។ អ្វីដែលជាលទ្ធផលកើតចេញពីទង្វើរបស់យើង យើងត្រូវតែក្លាហានចេញមុខទទួលយកទាំងខុស និងទាំងត្រូវ។ បើត្រូវយើងអបអររីករាយ និងបន្តការប្រឹងប្រែង តែបើខុសយើងព្រមទទួលកំហុស ហើយប្តេជ្ញាកែប្រែមិនឱ្យខុសដដែលៗ។ មនុស្សដែលអន់បំផុត និងល្ងង់បំផុត គឺមនុស្សដែលគ្មានការទទួលខុសត្រូវ ឬមនុស្សដែលទទួលយកតែលទ្ធផលត្រូវ ហើយទម្លាក់កំហុសទៅលើអ្នកដទៃ។ ដូច្នេះ យើងចំណាំមើលចុះ បើឃើញថានរណាជាមនុស្សមានទំនួលខុសត្រូវ ចូររាប់សេពគប់គេចុះ ច្បាស់ជាមិនខុសនោះឡើយ៕
ស្មេរដោយ : ឧកញ៉ា ជា តុងហ៊ួរ

