យុទ្ធសាស្ត្រមួយចំនួនដែលអ្នកអាចប្រើដើម្បីបង្កើនប្រាក់ចំណេញបាន

ខាងក្រោមនេះជា យុទ្ធសាស្ត្រមួយចំនួនដែលអ្នកអាចប្រើដើម្បីបង្កើនប្រាក់ចំណេញបាន៖

១. ការបង្កើនថ្លៃទំនិញ

ការបង្កើនថ្លៃទំនិញ គឺជាវិធីសាស្ត្រសាមញ្ញមួយដែលម្ចាស់សហគ្រាស អាជីវកម្ម និងអ្នករកស៊ីលក់ទំនិញតូចតាច បានប្រើដើម្បីរកបានប្រាក់ចំណេញកាន់តែច្រើន។ តែអ្នកត្រូវដឹងថា វិធីសាស្ត្រនេះអាចឲ្យអ្នកប្រឈមនឹងការបាត់បង់អតិថិជនមួយចំនួន ដែលមិនហ៊ានទិញទំនិញរបស់អ្នកទៀត។ អ្នកអាចធ្វើការពន្យល់អតិថិជនរបស់អ្នក ពីមូលហេតុណាមួយដែលធ្វើឲ្យអ្នកតម្លើងថ្លៃទំនិញ។ មានពេលខ្លះវាជារឿងល្អទៅវិញ ព្រោះតែអ្នកអាចរកបានអតិថិជនគោលដៅរបស់អ្នកដែលមានប្រាក់ច្រើន ដូចនឹងច្បាប់៨០/២០ ដែលពន្យល់ថា ចំណូលរបស់អាជីវកម្ម៨០% បានមកពីអតិថិជន២០%។ អ្នកក៏ត្រូវដឹងដែរថា ការបង្កើតថ្លៃទំនិញបានលុះត្រាតែអ្នកមានផលិតផលល្អ និងពិសេសជាងដៃគូប្រជែងរបស់អ្នក បើមិនដូច្នេះទេ នោះវាជាហានិភ័យសម្រាប់អាជីវកម្មរបស់អ្នកទៅវិញទេ។

២. ការចរចារជាមួយអ្នកផ្គត់ផ្គង់

ប្រសិនបើអ្នកអាចបញ្ចុះបញ្ចូលអ្នកផ្គត់ផ្គង់វត្ថុធាតុដើម ឬទំនិញពាក់កណ្ដាលសម្រេច ដែលលក់ឲ្យអ្នកបានក្នុងតម្លៃថោក នោះអ្នកអាចបង្កើនប្រាក់ចំណេញរបស់អ្នកបានយ៉ាងងាយ។ ការធ្វើបែបនេះ គឺទាមទារឲ្យម្ចាស់អាជីវកម្មជាមនុស្សដែលមានសមត្ថភាព និងភាពឈ្លាសវៃក្នុងការចរចារ។

៣. ការកាត់បន្ថយថ្លៃដើមផលិត

មែនទែនទៅ គ្រប់អាជីវកម្មទាំងអស់មានការចំណាយច្រើនជារឿងរាល់ខែទៅលើប្រាក់ខែបុគ្គលិក ការប្រើប្រាស់គ្រឿងយន្ដ ឬការទិញវត្ថុធាតុដើមថ្លៃ និងចំណាយលើការផ្សាយពាណិជ្ជកម្មជាដើម។ សហគ្រិនដែលឆ្លាត គឺគេមានការខ្វាយខ្វល់ណាស់អំពីការចំណាយលើប្រតិបត្ដិការផ្សេងៗ ព្រោះវាជាចំណែកមួយដែលកាត់បន្ថយនូវប្រាក់ចំណេញសុទ្ធរបស់សហគ្រាស។ ដូច្នេះហើយ ដើម្បីបង្កើនប្រាក់ចំណេញបាន លុះត្រាតែមានការកាត់បន្ថយលើចំណាយប្រតិបត្ដិការណាដែលមិនចាំបាច់ចោល។ នៅចំណុចនេះ អ្នកអាចវិភាគតាម ចំណេញ = ចំណូល - ចំណាយ។ ដូច្នេះប្រសិនបើចំណាយកាន់តែតិច នោះចំណេញកាន់តែច្រើន។

៤. ការបង្កើនការលក់

យុទ្ធសាស្ត្រនេះ ត្រូវបានប្រើជាទូទៅក្នុងការធ្វើយ៉ាងណាឲ្យការលក់មានការកើនឡើង ពេលនោះប្រាក់ចំណូលក៏កើន ហើយប្រាក់ចំណេញក៏កើនដែរ។ ប៉ុន្ដែ ដើម្បីធ្វើឲ្យការលក់កើនឡើង វាជារឿងមួយដែលពិបាក ដោយសារតែវាពាក់ព័ន្ធនឹងតម្លៃទំនិញ ឬសេវា ការធ្វើម៉ាឃីទីងល្អ និងសមត្ថភាពលក់របស់បុគ្គលិក។ មានក្រុមហ៊ុនខ្លះ គេបន្ទាបតម្លៃផលិតផល ដោយធ្វើឲ្យណាឲ្យអតិថិជនទិញទំនិញគេឲ្យបានច្រើន នៅពេលដែលទំនិញត្រូវបានលក់កាន់តែច្រើន នោះថ្លៃដើមផលិតកាន់តែតិចទៅៗ។

៥. ការលក់ទំនិញដែលអាចរកចំណេញបានច្រើន (ទំនិញប្រណិតៗ)

ការជ្រើសរើសទំនិញដើម្បីលក់ វាក៏ជារឿងចាំបាច់សម្រាប់បង្កើនប្រាក់ចំណេញរបស់អង្គភាពបានដែរ។ ឧទារហណ៍ អ្នកអាចទិញគ្រឿងអេឡិចត្រូនិចមួយតម្លៃ១០ដុល្លារ ហើយលក់វិញក្នុងតម្លៃ២០ដុល្លារ។ ដូច្នោះ អ្នកអាចរកចំណូលបាន១០ដុល្លារ។ តែប្រសិនបើអ្នកលក់សៀវភៅ១ក្បាលដែលមានថ្លៃដើម៧ដុល្លារ ហើយលក់ទៅវិញក្នុងតម្លៃ១០ដុល្លារ នោះអ្នករកចំណូលបានតែ៣ដុល្លារប៉ុណ្ណោះ។ នេះមានន័យថាទំនិញខ្លះលក់បានតិចតែចំណូលច្រើន តែទំនិញខ្លះលក់បានច្រើនតែចំណូលតិច។

៦. បង្កើតផលិតផលថ្មី ដើម្បីលក់អមនឹងផលិតផលគោលរបស់អ្នក

វាជាវិធីមួយ ដែលជួយអ្នកឲ្យរកប្រភពចំណូលផ្សេងក្រៅពីការលក់តែផលិតផលគោលរបស់អ្នក។ ពេលខ្លះអតិថិជនអាចនឹងមានការចាប់អារម្មណ៍ខ្លាំងនៅពេលដែលហាងរបស់អ្នកមានរបស់របរសព្វគ្រប់សម្រាប់ជាជម្រើសរបស់ពួកគេ ឬអាចបំពេញតម្រូវការរបស់ពួកគេបានក្នុងរយៈពេលខ្លី។ ដោយហេតុថា ប្រសិនបើគេទិញវត្ថុ A ពីហាងរបស់អ្នក ដែលវត្ថុ A នោះគឺត្រូវការវត្ថុ B មកប្រើជាមួយ ទើបអាចដំណើរការបាន ហេតុអ្វីអ្នកមិនដាក់លក់វត្ថុ B អមជាមួយវត្ថុA ទៅ? ការធ្វើបែបនេះ អាចឲ្យអ្នកចំណេញបានច្រើន។ ឧទាហរណ៍ អ្នកមានហាងកាហ្វេមួយ។ កាហ្វេរបស់អ្នក១កែវ ៨,០០០រៀល។ សំនួរសួរថាតើធ្វើយ៉ាងណាទើបអាចឲ្យតម្លៃនេះឡើងដល់១០,០០០រៀល ដោយអ្នកទិញពេញចិត្តនឹងទិញ? ចម្លើយអ្នកអាចបង្កើតជាឈុតអាហារ ដូចជា កាហ្វេ១កែវ បូកនឹងនំស៊ាំងវ៉ិច១ដុំ សម្រាប់អាហារពេលព្រឹកតម្លៃ ១០,០០០រៀលជាដើម៕

នៅមានវិធីជាច្រើនទៀត ដែលអ្នកអាចអនុវត្ដបាន។ សូមធ្វើការស្រាវជ្រាវបន្ថែម!

អត្ថបទពី Oudam Lay

Post a Comment

Previous Post Next Post