កំណាព្យទួន្មានកូនចៅ

កំណាព្យទួន្មានកូនចៅ

ឪពុកម្តាយស្លូតត្រង់ ចិត្តមិនចង់ឲ្យកូនខ្លៅ
ជេរវាយស្តីប្រដៅ ឲ្យកូនចៅបានចេះដឹង។

ឪពុកគ្មានតំរិះ ឃើញកូនចេះមិនដែលខឹង
ឃើញកូនខំប្រិតប្រឹង ឪពុកដឹងតែងត្រេកអរ។

ដាស់តឿនក្រើនរំលឹក ជេរល្ងាចព្រឹកខ្លាចកូនក្រ
ចង់ឲ្យតែកូនល្អ លោមអង្វរឲ្យកូនខំ។

កូនកាចបំពេញទុក្ខ ម្តាយឪពុកមានបារម្ភ
កូនស្លូតដឹងគួរសម មេបាថ្កុំថ្កើងកេរ្ត៍ឈ្មោះ។

ឪពុកម្តាយខ្សត់ខ្សោយ កុំបណ្តោយឲ្យអាប់យស
ខំរៀនឲ្យបានខ្ពស់ គ្រាន់សង្រ្គោះដល់មេបា។

អ្នកល្ងង់ហេតុពីខ្ជិល ឥតមន្ទិលរឿងធម៌អាថ៌
គួរកូនចៅសិក្សា រៀនអក្ខរាទាំងប្រុសស្រី។

(ច្បាប់ក្រមង៉ុយ)
Previous Post Next Post